
រដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី២៩ឧសភានេះ បានសម្រេចកសាងផ្លូវបេតុង១ខ្សែ និង ជួយជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធផ្សារបែកចានតបតាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងក្រុមអាជីវករក្នុងឃុំបែកចាន ស្រុងអង្គស្នូល ខេត្តកណ្ដាលនាពេលកន្លងមកនេះ។
កណ្ដាល៖ ផ្លូវបេតុងដែលខេត្តកណ្ដាលជួយកសាងជូនប្រជាពលរដ្ឋឃុំបែកចាននាពេលនេះ មានប្រវែង ២២៥ម៉ែត្រទទឹង៥ម៉ែត្រជាប្រភេទផ្លូវបេតុងឆ្អែងដែក និងមានកម្រាស់០,១៥ម៉ែត្រ ដោយឡែកសម្រាប់ការងារជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធផ្សារបែកចានជូនអាជីវករនាពេលនេះរួមមាន ការកសាងផ្លូវបេតុងក្នុងផ្សារ ដាក់លូ និងជួសជុលដំបូលផ្សារមានក្រឡាសរុប ២២៧៩ម៉ែត្រការ៉េ។
ឯកឧត្ដម ម៉ៅភិ រុណ អភិបាលខេត្តកណ្ដាល បានស្នើប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិត ពិសេសអំពីតម្រូវការរបស់ខ្លួន ក្នុងនោះ រួមទាំងបញ្ហានានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃឲ្យបានទាន់ពេលវេលាមកកាន់រដ្ឋបាលដែលនៅជិតបំផុតទើបការឆ្លើយតបទាន់ពេលវេលា។ ជាក់ស្ដែងដូចការកសាងផ្លូវនិង ការជួយជួសជុលកែលំអផ្សារបែកចាននៅថ្ងៃនេះជាសក្ខីភាពស្រាប់។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្ដម ម៉ៅ ភិរុណ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីឃុំដំណាក់អំពិលដែលមានទំហំ១០ម៉ែត្រគុណនឹង១៤,៦០ម៉ែត្រនិងបានបើកការដ្ឋស្ថាបនាផ្លូវមួយខ្សែប្រវែង៤០០ម៉ត្រែទទឹងពី៥ម៉ែត្រទៅ៦ម៉ែត្របន្ថែមទៀតស្ថិតនៅឃុំក្រាំងម្កាក់ផងដែរ។
ឯកឧត្ដម ម៉ៅ ភិរុណ បានក្រើនរំលឹកដល់មន្ត្រីរដ្ឋបាលថ្នាក់ឃុំត្រូវពង្រឹងការងារផ្ដល់សេវាសាធារណៈ ពិសេសការផ្ដល់សេវាតម្រូវការដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឲ្យប្រសើរថែមទៀត សក្ដិសមជាមន្ត្រីបម្រើរាស្ត្រពិតប្រាកដ ហើយឯកឧត្ដមសង្ឃឹមដែរថា តាមរយៈអគាររដ្ឋបាលឃុំថ្មីនេះ ក្រៅពីបានផ្ដល់កន្លែងធ្វើការសមរម្យនោះមន្ត្រីទាំងអស់ក៏ត្រូវខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋបានកាន់តែល្អប្រសើរនិងមានការទទួលខុសត្រូវខ្ពស់ថែមទៀតក្នុងការបំពេញការងារ ហើយការងារចម្បងនិងដំបូងដែលត្រូវយកចិត្តទុកដាក់និងការពង្រឹងនោះគឺធ្វើយ៉ាងផ្ដល់សេវាអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានលឿន និងតាមតារាងតម្លៃរដ្ឋកំណត់៕
BayontV









